លោក ហ៊ុន សែន ប្រដូចអ្នកជេរលោកថានឹងរលាយដូច ប៉ុល ពត
លោកនាយករដ្ឋមន្ត្រី ថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនូវស្ពានអាកាស ៥ មករា កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រៀបធៀបក្រុមជ្រុលនិយមរបស់គណបក្សប្រឆាំងថានឹងត្រូវរលាយដូច ប៉ុល ពត ជាអតីតអ្នកបដិវត្តកម្ពុជាដែលបានដឹកនាំរបបខ្មែរក្រហម ប្រសិនបើពួកគេបន្តយកហ្វេសប៊ុកជេរប្រមាថលោក។
លោកបានថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនូវស្ពានអាកាស ៥ មករា ថា៖ «គ្មាននរណាជេរប្រមាថខ្ញុំខ្លាំងជាង ប៉ុល ពត ទេប៉ុន្តែនៅទីបំផុតរលាយដូចអំបិលក្នុងទឹកហើយសមាជិកនៃរបបនេះត្រូវបានយកទៅកាត់ទោស»។ «ឥឡូវនេះគ្មានបញ្ហាទេចំពោះការបន្តជេរប្រមាថ»។
អត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្រុមយុវជនរបស់គណបក្សប្រឆាំងដែលមានឥរិយាបថដូចមេបក្សប្រឆាំងបានយក ហ្វេសប៊ុក ជេរប្រមាថមិត្តភក្តិរបស់លោកដែលកំពុងឈឺឲ្យស្លាប់ឆាប់ៗ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ៣ មករា បានទៅសួរសុខទុក្ខអតីតមិត្តរួមអាវុធរបស់លោកគឺលោក ញឹក ហួន ដែលកំពុងឈឺនៅមន្ទីរពេទ្យ និងដែលបច្ចុប្បន្នគាត់ជានាយឧត្តមសេនីយ៍ផ្កាយបួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
លោកបានឆ្លើយតបនៅក្នុងហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំពិតជាសោកស្តាយដែលឃើញយុវជនភាគច្រើនរបស់គណបក្សប្រឆាំងបានប្រើប្រាស់ភាសាមិនសមរម្យ និងគ្មានសីលធម៌»។ «ការប្រមាថជាច្រើនប៉ះពាល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំដែលពិតជាមិនអាចទទួលយកបាន»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងជាដដែលៗថាអាជ្ញាធរពាក់ព័ន្ធនៅតែបើកភ្នែកមើលហ្វូងមនុស្សប្រមូលផ្តុំគ្នារំឭកខួបទីពីរនៃការបង្ក្រាបនៅលើផ្លូវវេងស្រេងដែលបានបណ្តាលឲ្យមនុស្សស្លាប់។
លោកនាយករដ្ឋមន្រ្តីបានថ្លែងក្នុងន័យបែបចំអកថា៖ «មានពិធីមួយកាលពីម្សិលមិញហើយពួកគេត្រូវបានបំបែកម្តងទៀតហើយអ្នកដែលធ្លាប់ជាប់គុកនៅតែចង់ទៅជាប់គុក»។ លោកបន្តថា៖ «កុំភ្លេចថាអ្នកមិនទាន់រួចផុតពីសំណុំរឿងរបស់តុលាការនៅឡើយទេ»។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាការថ្លែងរបស់លោកគ្រាន់តែចង់ផ្សព្វផ្សាយអំពីភាសាជេរប្រមាថព្រៃផ្សៃ និងឥរិយាបថអាក្រក់របស់បក្សប្រឆាំងប៉ុណ្ណោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសម្តីរបស់លោកនាយករដ្ឋមន្ត្រីទេ។ លោកបានបញ្ជាក់ថា៖ «វាគ្មានអ្វីដែលចាំបាច់ឲ្យខ្ញុំប្រតិកម្មទេអ្វីៗវាអាស្រ័យលើប្រជាជនកម្ពុជា»៕ PS

